news

ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់សម្រុកទៅកំសាន្តនៅសមុទ្រយ៉ាងកកកុញដោយមិនខ្លាចជំងឺកូវីដ ១៩ ស្របពេលប្រទេសមួយនេះមានតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ជាមធ្យមជាង ៨០០ នាក់ក្នុងមួយថ្ងៃ

ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ត្រូវបានគេប្រទះឃើញនាំគ្នាទៅកំសាន្តនៅតំបន់មាត់សមុទ្រយ៉ាងសប្បាយរីករាយដោយមិនខ្លាចឆ្លងជំងឺកូវីដ ១៩ ទាល់តែសោះ ខណៈអាជ្ញាធរសុខាភិបាលបានចេញសេចក្តីប្រកាសហាមមិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នាទ្រង់ទ្រាយធំឡើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា តំបន់មាត់សមុទ្រមួយនេះមានឈ្មោះថា Ipanema ស្ថិតនៅក្នុងក្រុង Rio de Janeiro ភាគខាងត្បូងប្រទេសប្រេស៊ីល ហើយតំបន់ឆ្នេរសមុទ្រមួយនេះគឺជាកន្លែងកំសាន្តដ៏មានសក្តានុពលបំផុតរបស់ប្រទេសប្រេស៊ីលផងដែរ។


ពលរដ្ឋប្រេស៊ីលទាំងអស់នោះត្រូវបានគេប្រទះឃើញបានប្រមូលផ្ដុំគ្នាយ៉ាងកកកុញដោយមិនបានរក្សាគំលាតសង្គមទាល់តែសោះ ហើយសូម្បីតែម៉ាស់ក៏ពួកគេមិនបានពាក់ដែរ។ សម្រាប់ក្រុមអ្នកជំនាញបានមើលឃើញថា ឥរិយាបថគឃ្លើននេះបានកើតឡើងស្របពេលដែលប្រទេសប្រេស៊ីលមានតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ គិតជាមធ្យមប្រចាំថ្ងៃគឺមានចំនួន ៨២០ នាក់ក្នុងមួយថ្ងៃ។ ក្រុមអ្នកជំនាញបានបញ្ជាក់ផងដែរថា មូលហេតុដែលជំរុញឲ្យពលរដ្ឋប្រេស៊ីលសម្រុកទៅកំសាន្តនៅឆ្នេរសមុទ្រយ៉ាងច្រើនដូចនេះគឺដោយសារតែពួកគេស្ត្រេសនឹងការឃុំខ្លួននៅក្នុងផ្ទះខ្លាំងពេកក្នុងរយៈពេលជាច្រើនខែមកនេះ។ សូមបញ្ជាក់ជូនថា ប្រេស៊ីលគឺជាប្រទេសដែលមានចំនួនអ្នកជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ៣ នៅលើពិភពលោកបន្ទាប់ពីអាមេរិក និងឥណ្ឌា ហើយគិតត្រឹមពេលនេះប្រេស៊ីលមានអ្នកជំងឺកូវីដសរុបនៅទូទាំងប្រទេសចំនួន ៤ ១៤៧ ៧៩៤ ករណី និងស្លាប់សរុបចំនួន ១២៧ ០០១ ករណី៕

អត្ថបទទាក់ទង