news

ដួង ម៉ានិច និងយូប៊ីន ចាប់ដៃគ្នាគ្រងតំណែងតួអង្គធំៗទាំងពីរនាក់ នៅក្នុងរឿងភាគថ្មីរបស់ភីអិនអិន

ខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងមួយទៀតហើយ ដែលនឹងជិតរំកិលខ្លួនមកបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ជាមួយនឹងសាច់រឿងប្លែក អមដោយតារាសម្តែងល្បីៗជាច្រើនដួង។ ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ ដែលជាចំណងដៃថ្មី បន្ទាប់ពីរឿងភាគខ្មែរ អ្នកទីបី ត្រូវបានបញ្ចប់ទៅ ហើយក្នុងនោះ ទស្សនិកជន ក៏នឹងបានផ្លាស់ប្តូរអារម្មណ៍ ក៏ដូចជាចំណីចក្ខុ ពីសាច់រឿងបែបសម័យ មកជាបុរាណវិញម្តង។

ទន្ទឹមនឹងការនាំយកនូវ ភាពយន្តភាគបុរាណខ្មែរនេះដែរ អ្វីដែលកាន់តែអង្រួនបេះដូងទស្សនិកជន ហ្វេនៗទាំងអស់ឲ្យមានការភ្ញាក់ផ្អើលនោះ គឺនឹងមានវត្តមានសម្តែងតួអង្គធំពីរដួង គឺ កញ្ញា ដួង ម៉ានិច និងកញ្ញា យូ ប៊ីន ដែលពួកគេនឹងចាប់ដៃគ្នា សម្តែងរួមគ្នានៅក្នុងរឿងនេះតែម្តង។ នាង កុល អ្នកបម្រើនៅក្នុងផ្ទះរបស់លោកចក្រី ដែលសម្តែងដោយកញ្ញា ដួង ម៉ានិច ហើយក៏ជាតួអង្គយ៉ាងសំខាន់ក្នុងការធ្វើឲ្យផ្ទៃរឿងទាំងមូលបង្កើតនូវចំណងបញ្ហា រហូតឆ្លងជាតិ។ ចំណែកឯ កញ្ញា យូប៊ីន តម្រូវដើរតួសម្តែង ជាតួអង្គ នាងនាថ ដែលជាកូនស្រីរបស់លោកចក្រី ជានារីដែលមានរូបសម្រស់ស្រស់សោភាព។ រវាង តួអង្គ នាងកុល និង នាងនាថ គឺជាតួអង្គដែលពោរពេញដោយគំនុំ ការសងសឹក ដែលគ្រួសាររបស់នាងនាថធ្វើមកលើ នាងកុល។ មួយវិញទៀតដែរ ខ្សែភាពយន្តភាពភាគនេះ មិនត្រឹមតែជាការបង្ហាញនូវសម័យកាលបុរាណតែមួយសម័យកលានោះទេ ក្នុងនោះ គឺមានដល់ទៅពីរសម័យកាលឯណោះ ( សម័យកាលលង្វែក និងសម័យកាលអាណានិគមបារាំង)។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបង្ហាញពីការរស់នៅ និងបរិបទក្នុងសម័យកាលនោះផងដែរ ដើម្បីរំលឹកនូវជីវវភាពរស់នៅរបស់ប្រជារាស្ត្រខ្មែរ ដែលមានកេរ្តិ៍ឈ្មោះ និងភាពថ្លៃថ្នូរតាំងពីដើម រហូតដល់សម័យបច្ចុប្បន្ន។

យ៉ាងណាមិញ ដើម្បីចង់ដឹងថា តើការសម្តែងរបស់ តារាដែលជាអាយដលទាំងពីរ កញ្ញា ដួង ម៉ានិច និងកញ្ញា យូប៊ីន នឹងសម្តែងជូនទស្សនិកជន ល្អមើល ជក់ចិត្តយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងសាច់រឿង ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ ដែលនឹងមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងពេលឆាប់ៗនេះ។
សូមទស្សនាវីដេអូខ្លីខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPNNDramaFanClub%2Fvideos%2F1759639767521366%2F&show_text=0&width=560

អត្ថបទទាក់ទង